កម្ពុជា-វៀតណាម សម្តែងសិល្បៈរួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព លើវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈ
អត្ថបទ៖ ដោយលោក អុិនសុវណ្ណា
មណ្ឌលគិរី៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម) និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តដាក់ឡាក់ លោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ គឺកើតមានឡើងតាំងពីយូលង់ណាស់មកហើយដោយយោងទៅតាម អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយក្នុងការពង្រឹងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីជម្រុញនូវការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចំរើនឈានឡើង។
លោកស្រី វិន ស៊ីធួន បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តមណ្ឌលគិរីក៏បានយកចិត្តទុក្ខដាក់ខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តន៍នូវកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តារខេត្តទាំង៣របស់វៀតណាម រួមមានខេត្ត ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿកក្នុងនោះដែរ ការអនុវត្តន៍នូវកម្មវិធីកិច្ចសហប្រតិបត្តិការ គឺបានផ្តោតសំខាន់ទៅលើ វិស័យសំខាន់ៗដូចជា វិស័យសេដ្ឋកិច្ច សង្គម សន្តិសុខ ជាដើម -ល- ។
លោកស្រី អភិបាលរងខេត្ត បញ្ជាក់ថា កិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈ គឺជាស្ពានតភ្ជាប់ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ហើយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបានជួយប្រជាជននៃប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នា និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក។ ជាក់ស្តែងនាពេលនេះភាគីទាំងពីរ ក៏បានអនុវត្តន៍នូវកម្មវិធីកិច្ចសហប្រតិបត្តិការលើការងារ ប្រសព្វមិត្តភាពសម្តែងសិល្បៈ វប្បធម៌ ប្រពៃណី រវាងខេត្តទាំងពីរដើម្បីសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ពង្រឹងជម្រុញ ចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កាន់តែល្អប្រសើថែមទៀត។