អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយមន្រ្តីជំនាញ ចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងសែនមនោរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្ត នៅភាគឦសាន
មណ្ឌលគិរី៖ ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ និងលោក ឌិម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តស្តីទី មន្ទីរអប់រំយុវជន និងកីឡាខេត្ត រួមទាំង យុវជនប្រមាណ ១០០នាក់ បានចូលរួមយុទ្ធនាការសំអាតអនាម័យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភណភាព។
លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុង បានចាត់ឲ្យក្រុមការងារ សហការជាមួយជាមន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចៅសង្គាត់ លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស បានចុះសំអាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ សួនច្បារ និងទីប្រជុំជនក្នុងក្រុងសែនមនោរម្យ។ លោក បញ្ជាក់ថា ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្ត ឱ្យមានសោភ័ណភាពល្អ ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរី ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយ ចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ លោក បន្ថែមថា រាជរដ្ឋាភិបាល បានការប្រកាស ក្នុងដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន ដោយមិនគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្ស-និស្សិត មើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ រួមមាន៖ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។
លោក ឌិន ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តស្តីទី បានបញ្ជាក់ថា ការជួបជុំគ្នាចូលរួមសំអាតអនាម័យបរិស្ថាននាពេលនេះ គឺជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដីទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាក់សំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ ទើបទីក្រុងស្អាត និងមានសោភ័ណភាព ជាពិសេស ចូលរួមការដាំដើមឈើ ការដាំផ្កាលំអ និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព អត្ថបទនេះលោកអ៊ីនសុវណ្ណា។