ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋ១៦៣គ្រួសារ នៅស្រុកគូលែន
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រី រហូតមកដល់សព្វថ្ងៃ ក្នុងនាមលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរខេត្តព្រះវិហារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក បានខិតខំយ៉ាងខ្លាំងក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ជាក់ស្តែងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាភូមិដាច់ស្រយ៉ាលជាងគេ ដែលប្រជាពលរដ្ឋរស់នៅតំបន់នេះមានការពិបាកខ្លាំងណាស់ ដូចជាបញ្ហាផ្លូវ បញ្ហាអគ្គិសនី បញ្ហាទឹកប្រើប្រាស់។ ក្រោយពីក្តាប់បាននូវបញ្ហាប្រឈមទាំងនេះ ក្នុងប្រធាននាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកបានណែនាំឲ្យមានការអភិវឌ្ឍផ្លូវចូលមកភូមិនេះ តណ្តាញអគ្គសនីចូលភូមិ រៀបចំប្រព័ន្ធទឹកតចូលផ្ទះ ក៏ដូចជារៀបចំធ្វើបង្គន់អនាម័យជូនផងដែរ ដែលរហូតមកដល់ពេលនេះភូមិម្រេចត្រូវបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍខេត្តព្រះវិហារ បន្ទាប់ពីលោកត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ ដោយបានធ្វើការកែប្រែសោភ័ណ្ឌភាពរង្វង់មូលខេត្ត ពង្រីកផ្លូវ និងរៀបចំបុស្បុកលោកតាឌី និងជួសជុលផ្លូវឡើងទៅច្រកអានសេះ។ លោកប្រកាសសាងសង់អគារ១ខ្នង កម្ពស់២ជាន់ នៅក្នុងមណ្ឌលសុខភាពគូលែន និងបំពាក់ម៉ាសុីនពិនិត្យអេកូជូនប្រជាពលរដ្ឋស្រុកគូលែនទុកជាចំណងដៃ ដោយអគារនេះគឺព្យាបាលផង និងសម្ភពផង។ ចំពោះស្ត្រីដែលឆ្លងទន្លេ គឺលោកឧបត្ថម្ភខោទឹកនោម១២ សារុង១ និងថ្នាំ១ប្រអប់ផងដែរ។
អំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលនាំមកចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករចំនួន២០គីឡូ ស្កសរ២គីឡូ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប៊ីចេង១គីឡូ ប្រេងឆា១លីត្រ ខ្ទះឆា១ វែកឆា១ វែកសម្លរ២ វែកបាយ១ ស្លាព្រានិងសម១០ឈុត ចានបាយ៥ បានចង្កឹះ៥ ចានសម្លរ២ ចានពងក្រពើ២ ឆ្នាំងចាក់១ កាំបិត១ឈុត ជ្រុង ត្បាល់បុកគ្រឿង ប៉ោតទឹក១ ធុង៣០លីត្រ១ កញ្ច្រែងដាក់ចាន ដាក់បន្លែ កាធុងទឹក ស្វាយកែវរមៀត៤ដើម ស្វាយតៃវ៉ាន់១ដើម ដូង២ដើម ក្រូចឆ្មា១ដើម ខ្នុរ២ដើម និងថវិកា៥មុឺនរៀល។ ដោយឡែកចំពោះស្វាយ ដូង ខ្នុរ និងក្រូចឆ្មា លោកបានចាត់ក្រុមការងារដាំជូនតែម្តង និងថែទាំដោយដាក់ជីបំប៉នរហូតធំ ចំពោះម្ចាស់ធ្វើយ៉ាងណាចូលរួមថែរក្សាកុំឲ្យគោសុីតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ពីព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ សូមប្រជាពលរដ្ឋចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លា ដោយចូលរួមវាយស្គរ ទះប៉ោត គោះត្រដោក គោះជួង និងតាមគ្រប់លទ្ធភាពដែលមានឲ្យបានគ្រប់ៗគ្នា៕