ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្តមថងសាវុនបំផុសស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនចូលរួមដាំកូនឈើក្នុងម្នាក់មួយដើមដើម្បីបង្កើនគម្របព្រៃឈើនិងឲ្យក្រុងសែនមនោរម្យមានសោភ័ណភាពបៃតង។

ឯកឧត្តម ថង សាវុន បំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមដាំកូនឈើ ក្នុង ១នាក់ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ និងឲ្យក្រុងសែនមនោរម្យ មានសោភ័ណភាពបៃតង

មណ្ឌលគិរី៖ ដើម្បីកែលម្អសោភ័ណភាពនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត រួមទាំងសហការី បានអញ្ជើញចូលរួមដាំកូនឈើចំនួន ៥០០ដើម នៅបរិវេណសួនវិមានឯករាជ្យ និងតាមដងផ្លូវក្នុងខេត្តមណ្ឌលគិរី នៅក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការដាំកូនឈើចម្រុះនាពេលនេះ ដើម្បី បង្កើនសោភ័ណភាពនៅបរិវេណសួនវិមានឯករាជ្យ និងនៅសង់ខាងផ្លូវនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យចូលរួមដាំដើមឈើ ក្នុង១នាក់ ដាំកូនឈើ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ ឲ្យបានគង់វង្ស។ ឯកឧត្តម បញ្ជាក់ថា ការដាំកូនឈើចម្រុះ នៅក្រុងសែនមនោរម្យនេះ នាពេលអនាគត យើងទាំងអស់គ្នា ក៏ដូចជាកូនចៅជំនាន់ក្រោយ នឹងបានមើលផ្ទាល់ភ្នែក នៅសមិទ្ធផល ដែលយើងទាំងអស់គ្នា បានរួមគ្នាខិតខំដាំដុះ និងថែរក្សា ការពារ ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា ការពារ សមិទ្ធផលនានា នៅក្នុងខេត្តមណ្ឌលគិរី ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា បន្តចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោក ទុំ សុជា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានគាំទ្រទាំងស្រុង ចំពោះការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងការដឹកនាំយុវជនចូលរួមដាំកូនឈើនៅបរិវេណវិមានឯករាជ្យ និងនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ដើម្បីបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមដាំដើមឈើ ដើម្បីទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង ឆ្នាំនេះ ក្នុងខេត្តមណ្ឌលគិរីរបស់យើង ក៏ដូចជាបណ្តាខេត្តផ្សេងទៀត មានការកើនឡើងកម្ដៅយ៉ាងខ្លាំង ខុសពីឆ្នាំមុនៗ ដូច្នេះ យើងទាំងអស់គ្នា ត្រូវបណ្ដុះឆន្ទៈចូលរួមដាំដើមឈើទាំងអស់គ្នា មនុស្សម្នាក់ ដាំដើមឈើអោយបាន ១ដើម ៕

Leave a Reply

Your email address will not be published.