-កាលពីថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ។
-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និង កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ហើយកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌។ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយណាឡើយ។
-ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវតែថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ហើយបង្កាបង្រ្កាបក្មេងទំនើង ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រងនិងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និង ការដោះស្រាយជម្លោះដីធ្លី។ហើយការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕