សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌
មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនាពេលនេះ ជាការឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី ១៦១ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចលនាជំរុញឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលជាធនធានចាំបាច់ពុំអាចខ្វះបានសម្រាប់បន្តអនុវត្តតួនាទី ភារកិច្ចមនុស្សធម៌របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងអាចជួយសង្រ្គោះជនរងគ្រោះ និងជនងាយរងគ្រោះ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត ជាពិសេស ជាការរួមចំណែកនៃការពួនផ្ដុំនូវកំលាំងមនុស្សធម៌សាមគ្គីធម៌ស្របតាមគោលការណ៍ វប្បធម៌ចែករំលែក ក្នុងបុព្វហេតុជួយដោះទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងពេលគ្រាមានអាសន្ន។ ឯកឧត្តម បន្ថែមថា កាយវិការប្រកបដោយអត្ថន័យដ៍ជ្រាលជ្រៅនេះ គឺពិតជាបានជួយជំរុញដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងមួយកំរិតថែមទៀត ក្នុងការបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនាមប្រតិបត្តិករមនុស្សធម៌ ដែលត្រូវបានរួមចំណែក្នុងការជួយសង្គ្រោះជនរងគ្រោះ និងជួយសម្រាលផលប៉ះពាល់ជាវិជ្ជមាននៃគ្រោះមហន្តរាយនានា ក្នុងគោលដៅលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ឯកឧត្តម ថង សាវុន បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងកំពុងតែបន្តគាំទ្រយ៉ាងសកម្មដល់កាកបាទក្រហមខេត្តមណ្ឌលគិរី ក្នុងការរួមចំណែក ទាំងស្មារតី សម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្ត បានដំណើរការសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនដែលងាយរងគ្រោះនានា ឲ្យបានល្អប្រសើរមួយកំរិតថែមទៀត ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម។
នៅក្នុងពិធីរាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានរៀបចំពិសារអាហារសាមគ្គី ការប្រគុំតន្រ្តីរាំលេងកម្សាន្ត និងការចាប់រង្វាន់អនុស្សាវរីយ៍ ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ៕