ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់មហាកុដិថ្មីក្នុងវត្តវិហារទន្ទឹមនៅក្រុងសួងដើម្បីបន្តលើកវិស័យពុទ្ធចក្រ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ មហាកុដិថ្មី ក្នុងវត្តវិហារទន្ទឹម នៅក្រុងសួង ដើម្បីបន្តលើកស្ទួយវិស័យពុទ្ធចក្រ

(ត្បូងឃ្មុំ)៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មហាកុដិក្នុងវត្តវិហារទន្ទឹមក្រុងសួង ស្ថិតបរិវេណវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង យុវជន សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ (ស.ស.ន.ប.វ), សិស្សានុសិស្ស, កាយរឹទ្ធ, កាកកបាទក្រហម, ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។

លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលក្រុងសួង បានឡើងមានមតិស្វាគមន៍ និងបានលើកឡើងថា ការបញ្ចុះបឋមសិលាសាងសង់ មហាកុដិថ្មី នៅវត្តវិហារទន្ទឹម នាពេលនេះ មានទំហំទទឹង ១៩ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ កម្ពស់៣ជាន់ គ្រោងចំណាយប៉ាន់ស្មានបឋមសរុបប្រមាណ ១លានដុល្លា ដែលនេះ ទាមទារនូវការចូលរួមឧបត្ថម្ភ គាំទ្រពីពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឱ្យដំណើរការសាងសង់នេះរួចរាល់ជាស្ថាពរតាមការគ្រោងទុក ក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៥០តោន ឯកឧត្តម ប៉ា សាលឹម និងលោកជំទាវ បានឧបត្ថម្ភឥដ្ឋសម្រាប់សាងសង់កុដិទាំងស្រុង ព្រមទាំងសប្បុរសជនជិតឆ្ងាយបានចូលបច្ច័យជាបណ្តើរៗផងដែរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវមោទនភាព ចំពោះសមិទ្ធផលនានាជាច្រើន ដែលកើតមានក្នុងទីអារាមនេះ ជាពិសេសក្នុងឱកាសពិធីបញ្ចុះបឋមសិលាសាងសង់មហាកុដិថ្មីបន្ថែមមួយទៀត ដែលនឹងលិចរូបរាង នាពេលខាងមុខ នៅក្នុងវត្តវិហារទន្ទឹម ក្រុងសួង ជាការចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ នៅកម្ពុជា ។ ហើយក៏ជាអវាស្ថានមួយ សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងក៏ជាទីកន្លែងស្នាក់អាស្រ័យ របស់សមណៈសិស្ស ភិក្ខុសង្ឃ គង់ស្នាក់អាស្រ័យនៅ សិក្សារៀនសូត្របន្ថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបន្តថា សមិទ្ធផលលើវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលគ្រប់ទីកន្លែង ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីកត្តាសុខសន្តិភាព មានសន្តិភាពពេញលេញ ក្រោមគុណនយោបាយដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិកសន្តិភាព បន្តមកអាណត្តិទី ៧ នេះ មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរជាលំដាប់។ ដូច្នេះ សូមបងប្អូនចូលរួមថែរក្សាសន្តិភាព ឱ្យស្ថិតស្ថេរគង់វង្សដរាបរៀងទៅ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់អាជ្ញាធរក្រុង បន្តអភិវឌ្ឍន៍តាមមូលដ្ឋាន ភូមិ សង្កាត់ តាមរយៈការផ្ដល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសចូលរួមប្រកួតប្រជែងចលនាទីក្រុងស្អាត ធ្វើឲ្យក្រុងសួង ទទួល ផ្ការំដួល បី ទង ជាមោទនភាពសម្រាប់ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ សូមបន្តផ្សព្វផ្សាយទូលំទូលាយ ដល់ស្រទាប់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ បានចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលចំណេះជំនាញពិតប្រាកដ ស្របតាមទីផ្សារការងារ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្ត ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទប់ស្កាត់ការជួញដូរគ្រឿងញៀន បង្រ្កាបក្មេងទំនើង ជាពិសេសអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រែក្លាយភូមិស្ថាន យើង ជា ភូមិ ស ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិ្ចគ្រប់លំដាប់ថ្នាក់ ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ក្មេងទំនើង បទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវតែបង្រ្កាប និងទប់ស្កាត់ឲ្យបានដាច់ខាត បើទោះជាអ្នកនោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ។

តាមរយៈសទ្ធាដ៏ថ្លៃថ្លា ដើម្បីបន្តគាំទ្រ លើកស្ទួយ វិស័យពុទ្ធសាសនា នៅកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រគេននៅស៊ីម៉ង់ដ៍ ៥០ តោន សម្រាប់ការសាងសង់មហាកុដិនេះ និងឧបត្ថម្ភការចំណាយលើការរៀបចំកម្មវិធីបញ្ចុះបឋមសិលាមហាកុដិនេះ ឲ្យដំណើរការទៅដោយរលូនផងដែរ៕

Leave a Reply

Your email address will not be published.