ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អភិបាលខេត្តត្បូងឃ្មុំចុះជួបសំណេះសំណាលស៊ូសុខទុក្ខនិងពិនិត្យស្ថានភាពការលក់ដូរបងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង

អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ បន្ទាប់ពីផ្លាស់មកកាន់ជាអភិបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីរាជការ ពលរដ្ឋ កសិករ កម្មករ ពិសេសបងប្អូនអាជីវករ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។

ការចុះដល់មូលដ្ឋាននៅតាមផ្សារនេះ ដើម្បីផ្តល់ភាពកក់ក្តៅ បានយល់ពីសុខទុក្ខ ដឹងស្ថានភាពការលក់ដូររបស់អាជីវករ ក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួន ធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ជាមួយបងប្អូននៅតាមផ្សារនានា នៅក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវសហការជាមួយម្ចាស់ផ្សារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារថ្នល់ទទឹងទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព  ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ចំពោះអនាម័យ។

ជាពិសេសត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពផ្សារថ្នល់ទទឹង នៅក្នុងស្រុកត្បូងឃ្មុំមួយនេះ អោយក្លាយទៅជាផ្សាគំរូដល់ល្អមួយផងដែរ៕

Leave a Reply

Your email address will not be published.