ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

ខេត្តមណ្ឌលគិរី មានសេចក្តីរាយការណ៌បានអោយដឹងថាពីថ្ងៃទី4ខែមិនាឆ្នាំ2024មានករណីផ្ទុះអាវុធដោយមន្ត្រីបរិស្ថានមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពីរនាក់អះអាងថា ខ្លួនបានរងរបួសកែងជើងដោយគ្រាប់កាំភ្លើង ដែល​បណ្តា​​ល​មកពីម​ន្ត្រី​បរិស្ថានបាញ់ ហើយបានទៅប្តឹងសមត្ថកិច្ចក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោយ។

ទទួលរបាយការណ៍នេះសមត្ថកិច្ចខេត្តក្រចេះ បានចុះស្រាវជ្រាវទីតាំងកើតហេតុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរីទៅវិញ។
យោងតាមប្រភពព័ត៌មានពីខេត្តក្រចេះ ដែលអ្នកកាសែតទទួលបាននាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុស​និងឈ្មោះ យឿង បូរី ភេទប្រុស ទាំងពីរនាក់រស់នៅភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានទៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីបរិស្ថាន ដោយពួកគេអះអាងថា មន្ត្រីបរិស្ថានមាន​បំណងបាញ់សម្លាប់ខ្លួន។ក្នុងពាក្យបណ្តឹងអ្នកភូមិទាំងពីរនាក់ បានស្នើរសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៏ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ឋអនុវត្តទៅ​តាមផ្លូវច្បាប់។
បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុស​និងឈ្មោះ យឿង បូរី ភេទប្រុស បានឲ្យដឹងថា កាលពីថ្ងៃទី១ មីនា ២០២៤ វេលាម៉ោង៤ទាបភ្លឺ ពួកគេទាំងពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីផ្ទះក្នុងភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅលក់សាច់គោនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង (ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្រុកសេសាន ខេត្តស្ទឹងត្រែង មានព្រំព្រទល់ជាប់គ្នា) ពេលជិះទៅដល់ចំនុចអូរកាំពី ពួកគេបានជួបមនុស្សបីនាក់ ពីរនាក់ស្លៀកខោខ្លី ដោះអាវ ស្ពាយកាំភ្លើង សេកាសេ ម្នាក់មួយដើម និងម្នាក់ទៀតឈរបញ្ចាំងគោមពីចំងាយ ។
ឃើញដូច្នេះពួកគេបានបន្តធ្វើដំណើរទៅមុខ ស្រាប់តែត្រូវមនុស្សពីរនាក់ស្ពាយកាំភ្លើងខាងលើបាញ់ ដោយមិនបានសួរនាំអ្វីសោះ។ភ្លាម​នោះពួកគេទាំងពីរនាក់ភ័យពេក ក៏ជិះម៉ូតូគេចចេញសំដៅទៅរកពេទ្យដើម្បីព្យាបាលរបួស ដែលមនុស្សពីរនាក់កាន់កាំភ្លើងនោះបាញ់ចំកែង​បាតជើងខាងឆ្វេងរបស់ឈ្មោះ វ៉ាញ ម៉ាញ។
ជុំវិញករណីខាងលើនេះយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៤ និង៣០នាទីទាបភ្លឺ ក្រុមការងារសមត្ថកិច្ចជំនាញ បរិស្ថានប្រចាំដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅត្រង់ចំណុច លើទួល ជិតអូរអញ្ចេក និយាមកាលេខ៦៦៧៥៥០, ១៤៥៨៤០៤ ក្នុងតំបន់ អភិរក្សដែនជម្រកសត្វព្រៃលំផាត់ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យ ចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូ ចំនួន០២គ្រឿង។
សេចក្តីរាយការណ៏បន្តថា ក្នុងនោះមាន ម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ គ្មានពាក់ ស្លាកលេខសម្គាល់ ចំនួន០១គ្រឿង ដឹកសាច់សត្វ ពេញមួយការ៉ុង និង ម៉ូតូ ចំនួន០១គ្រឿងទៀត មិនស្គាល់ម៉ាក ជិះមើលផ្លូវមុន និងរត់ការ។ប្រភពបន្តថា ដោយមានការសង្ស័យអាចជាក្រុមប្រមូល ទិញសត្វព្រៃគ្រប់ប្រភេទ នឹងដឹកជញ្ជូនសាច់សត្វព្រៃយកទៅលក់បន្ត ពេលនោះក្រុមការងារសមត្ថិកិច្ចជំនាញបរិស្ថាន បានឃាត់ និងហៅជនសង្ស័យខាងលើឲ្យ ឈប់ដើម្បីធ្វើការត្រួតពិនិត្យបទល្មើសធនធានធម្មជាតិ ប៉ុន្តែជនសង្ស័យទាំង២នាក់នោះ មិនព្រមឈប់ តាមបទបញ្ជា របស់ក្រុមការងារសមត្ថកិច្ចឡើយ ។ ថែមទាំងបន្ថែមល្បឿនកាន់តែខ្លាំងបន្ថែមទៀត ទៅបាត់ស្រមោល ដោយពុំស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការដោយយប់ងងឹត និងប្រញ៉ាប់ប្រញ៉ាល់ រត់ចេញពីកន្លែងពួនស្ទាក់ (ក្នុងអូរ) ស្ទុះឡើងទៅ ឃាត់ហៅ ជនសង្ស័យខាងលើ ដើម្បីត្រួតពិនិត្យបទល្មើសធនធានធម្មជាតិ ពេលនោះក្រុម ការងារសមត្ថកិច្ចជំនាញបរិស្ថាន បានធ្វើឲ្យប៉ះចំសោបិទបើក នាំឲ្យរាលកៃផ្ទុះអាវុធ ចំនួន០១គ្រាប់ទៅផ្ទុបដីដោយអចេតនាកន្លងមកទីតាំងកើតហេតុខាងលើគឺស្ថិតនៅក្នុងព្រៃនិងជាផ្លូវម៉ូតូដែលមានក្រុមដឹកជញ្ជូនជួញដូរ សាច់ និងសត្វព្រៃគ្រប់ប្រភេទ ដែលក្រុមការងារសមត្ថកិច្ចជំនាញបរិស្ថាន ធ្លាប់បានទប់ស្កាត់ និងបង្ក្រាប នាពេលកន្លងមកជាច្រើនករណីរួចមក។

ករណីខាងលើនេះតាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកកោះញែក នាព្រឹកថ្ងៃទី០៦ មីនា ២០២៤ បានឲ្យដឹងថា កំពុងចុះស៊ើបអង្កេតបន្ថែម តែដោយស្ថានភាពភូមិសាស្ត្រនៅឆ្ងាយ គេមិនទាន់ដឹងអំពីព័ត៌មានលម្អិតទេរងចម្លើយពីជនរងគ្រោះផ្តល់អោយសមត្ថកិច្ចនៅពេលក្រោយ។

Leave a Reply

Your email address will not be published.