ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ៧ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី មានករណី ឃាតកម្ម(បាញ់សម្លាប់) មួយករណី កើតឡើងចំណុចលើដងផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ លេខ ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ ជនរងគ្រោះមានឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ មុខរបរ លក់ដូរ រស់នៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងហេតុ ធ្វើកំណត់ហេតុ និងបានបញ្ជូនជនរងគ្រោះមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
បន្ទាប់ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាតាមនីតិវិធីជំនាញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ ៣៥ ឆ្នាំ ភេទប្រុស មុខរបរអាជីវករ(បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញ និងដកហូតវត្ថុតាងអាវុធខ្លីម៉ាក K-59 (វត្ថុតាងប្រព្រឹត្តបទល្មើស) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។