ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ប្រព័ន្ធចម្រោះទឹកស្អាតដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននៅក្រុងសែនមនោរម្យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រព័ន្ឋចម្រោះទឹកស្អាតដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននៅក្រុងសែនមនោរម្យត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តមណ្ឌលគិរី៖ ប្រព័ន្ឋចម្រោះទឹកស្អាតដែលជាជំនួយរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីលោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរី និងមន្ត្រីរាជការជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តឹឡើងនៅអង្គភាពរដ្ឋាករទឹកស្អាតខេត្តមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតខេត្តមណ្ឌលគិរីនេះ ត្រូវបានគាំទ្រដោយជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។​ ឯកឧត្តម បន្តថា កាលពីមុនរោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ២,០០០ម៉ែត្រគូប ប៉ុន្តែតាមរយៈគម្រោងនេះ រោងចក្រអាចផលិតទឹកស្អាតបានប្រមាណ ៣,០០០ម៉ែត្រគូបជារៀងរាល់ថ្ងៃ គឺកើនឡើន១.៥ដង នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដែលកំពុងខ្វះខាតក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មានប្រសាសន៍ទៀតថា បន្ទាប់ពីបានប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និង កម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មីមួយ ទៀត ដែលត្រូវបាន តម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដើម្បីអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីប្រទេសជប៉ុន និងកម្ពុជាដែលចងភ្ជាប់ដោយចំណងមិត្តភាព និងទំនុកចិត្ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ប្រព័ន្ឋចម្រោះទឹកខ្នាតតូចដែលមានសមត្ថភាពផលិតទឹកស្អាតបានមួយពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនេះ គឺជាសមិទ្ឋផលថ្មីដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ដែលកាលពីមុនរដ្ឋាករទឹកស្អាតខេត្តមណ្ឌលគិរី មានសមត្ថភាពផលិតបានត្រឹមពីរពាន់ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលប្រឈមកង្វះការផ្គត់ផ្គង់ទៅអតិថិជន។

ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍បន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ប្រកាសឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពី ខែសីហាឆ្នាំ២០២៣ សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹក។ ទន្ទឹមនឹងការផ្គត់ផ្គង់ទឹកនៅកម្ពុជា ឥឡូវនេះសម្រេចបាននូវភាពប្រសើរឡើងយ៉ាងខ្លាំងនៃគុណភាពទឹក ការកែលម្អការផ្គត់ផ្គង់ទឹក នៅតំបន់ទីប្រជុំជនជាបន្តបន្ទាប់គឺជាកិច្ចការដ៏ចាំបាច់នាពេលអនាគត ៕

Leave a Reply

Your email address will not be published.