កម្លាំងនគរបាល រួមគ្នាបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅស្រុកពួក ខេត្តសៀមរាប ដកហូតថ្នាំប្រភេទម៉ាទឹកកកជាង១២០គីឡូក្រាម
(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងនគរបាលទទួលផែន បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅឃុំសំរោងយោង ស្រុកពួក និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក សរុបជាង១២០គីឡូក្រាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា ដើមឡើយសមត្ថកិច្ចជំនាញ បានបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្រោយប្រើវិធានការជំនាញសាកសួរ និងពិនិត្យទៅលើភស្តុតាងនានា ហើយបានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ក្នុងនោះនគរបាលជំនាញដកហូតបាន សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) សរុបចំនួន១២១ដុំ ដែលបានលាក់ទុក នៅក្នុងរថយន្តម៉ាក Camary គូទហើម ស្មើនឹងទម្ងន់១២០.៦៨៥ក្រាម។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕