ស្លាប់មនុស្សប្រុសស្រីចំនួន ៤នាក់ និងរងរបួសចំនួន ២នាក់ ដោយសារគ្រាប់បេ៤១
ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១ សំណល់សល់ពីសង្គ្រាម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បើតាមការបញ្ជាក់ពីស្ត្រីរងរបួស នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីលំនៅឋាន ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ ដោះដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ មានចំនួន ២គ្រួសារ ស្មើនឹង ៦នាក់ ហើយក៏បានឈប់សម្រាក នៅក្រោមដើមឈើកន្លែងកើតហេតុ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយកមកបង្ហាញ នៅពេលនោះជីតា បានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់បេនោះ បានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដី បណ្តាលឱ្យផ្ទុះ ។
បន្ទាប់មកស្ត្រី និងក្មេងស្រីរងរបួស បានធ្វើដំណើរមកភូមិ រកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ បានឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ ស្លាប់ យ៉ាងអាណោចអាធម្ម និងពិនិត្យបំបែងគ្រាប់ បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។
ចំពោះសពប្រុសស្រីចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ច និបងប្អូនប្រជាពលរដ្ឋធ្វើការបញ្ចុះ នៅទីតាំងម្ដុំកើតហេតុ នោះ ដោយសារអាប៉ីជំនឿជនជាតិដើមភាគតិចព្នង ថាចង្រៃ មិនឱ្យយកសពមកតម្កល់ធ្វើបុណ្យប្រពៃណី នៅក្នុងភូមិឡើយ ។
ជនរងគ្រោះដែលស្លាប់ទី១ ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង ទី២ ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិព្នង ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិព្នង និងទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិព្នង ។
ចំណែកអ្នករងរបួសទី១ ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំជនជាតិព្នង និងទី២ ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិព្នង ៕