រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ
មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃមួយដែលខេត្តមណ្ឌលគិរីបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ដែលព្រះអង្គ បានយាងចូលព្រះ ទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។ ឯកឧត្តម បញ្ជាក់ថា គុណូបការៈដ៏ឧត្តុង្គឧត្តម និងធំធេងបំផុត ដែលមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ គឺបានដក់ជាប់ក្នុងក្រអៅ បេះដូងរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប ដែលជាកូន ចៅ ចៅទួត របស់ព្រះអង្គ ។ ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណដ៏ធំធេង និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម្ភ និង វិសេសវិសាលបំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ នៅក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើ គ្រប់វិស័យ នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស នឹងរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម រតនកោដ្ឋ គម្រប់ខួប ១២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ដោយឡែក ខេត្តមណ្ឌលគិរី ក៏បានរៀបចំពិធីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នាពេលនេះផងដែរ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើហត្ថប្រណមបួងសួង សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”សូមព្រះអង្គឆាប់បានយាងទៅ ចាប់កំណើតកើតនៅក្នុងទីឋានបរមសុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕