ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីមន្ត្រីរាជការព្រះសង្ឃយុវជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករជួបជុំនៅរង្វង់មូលគោព្រៃដើម្បីចូលរួមដង្ហែរពិធីបុណ្យវិសាខបូជាទៅកាន់វត្តសែនមនោរម្យ។

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការ ព្រះសង្ឈ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជួបជុំនៅរង្វង់មូលគោព្រៃ ដើម្បីចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ទៅកាន់វត្តសែនមនោរម្យ

មណ្ឌលគិរី៖ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងបានចាត់ទុកជាបុណ្យជាតិ ក្នុងចំណោមបុណ្យប្រពៃណី និងសាសនាផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ មាឃបូជា កឋិនទាន បុណ្យផ្កាសាមគ្គី និងចូលព្រះវស្សាជាដើម ។ល។ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យវិសាខបូជា ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក នួន សារ៉ន អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ។
លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជានេះ គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តម នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ហើយកំណត់ឱ្យឈ្មោះថាវិសាខបូជា ហើយ ពុទ្ធបរិស័ទគ្រប់វត្តអារាម – មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធីបុណ្យវិសាខបូជា នេះឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ ត្រូវបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហា មង្គលអភិលក្ខិតកាល គឺមានន័យថាជាថ្ងៃរបស់ព្រះសមាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និង ចូលបរិនិព្វាន ។ លោក បញ្ជាក់ថា វិស័យសាសនា ត្រូវបានរលាយបាត់នៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងត្រូវបានស្ដារឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូត មកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់តម្លៃខ្ពស់ លើការអភិវឌ្ឍន៍វិស័យសាសនា ដែលជាសាសនារបស់រដ្ឋក្នុងនោះប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនា។ ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការ គោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការសាងសង់វត្តអារាម និងព្រះវិហារសាសនាផ្សេងៗទៀត ដើម្បីជាទីសក្ការបូជា និងជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។
លោក នួន សារ៉ន អភិបាលរងខេត្ត បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួមប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនា រីកចម្រើន ឬក៏អន់ថយ គឺអាស្រ័យលើយើងទាំងអស់គ្នា។ សូមថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគ យល់គ្នា គោរពគ្នា តាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះ ពុទ្ធសាសនា និងសូមឱ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ ស្វាធ្យាយរៀនសូត ព្រះធម៌ ព្រះវិន័យ និងប្រតិបត្តិ ឲ្យសមជាស្រែបុណ្យសម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។
នាឳកាសនោះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ បានចូលរួមរាប់បាត្រ ប្រគេនដល់ព្រះសង្ឈចំនួន ៨០អង្គ នៅបរិវេណវត្តសែនមនោរម្យផងដែរ៕

Leave a Reply

Your email address will not be published.