ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់បណ្ឌិតចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសម្ពោធទីតាំងសាកលវិទ្យាល័យសាខាវាលស្បូវ។ សម្តេចធិបតីបានមានប្រសាសន៍ថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ ដែលជាសមិទ្ធផលមួយដ៏ធំសម្រាប់ក្រុមគ្រួសារ ជាពិសេសអាណាព្យាបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការបញ្ចប់ឧត្តមសិក្សា បានមកពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកសិក្សារបស់សាកលវិទ្យាល័យ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិត។ សម្តេចបានអបអរសាទរចំពោះការបង្កើតទីតាំងថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅវាលស្បូវ។ សម្តេចធិបតី បានថ្លែងថា វត្តមានទីតាំងថ្មីរបស់សាកលវិទ្យាល័យ កើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ហើយនឹងក្លាយទៅជាកន្លែងបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលអនាគត។ សម្តេចធិបតីបានបន្តទៀតថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។សញ្ញាបត្រដែលនិស្សិតទទួលបាននេះ ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង បង្កើនភាពម្ចាស់ការ ជាមូលដ្ឋានបង្កើនគុណវុឌ្ឍកាន់តែខ្ពស់ឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពកាន់តែខ្ពស់។ ប្រទេសមួយមានធនធានមនុស្ស មានមូលធនមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុនពេលរាតត្បាតជំងឺកូវីដ១៩ កម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងបណ្តាប្រទេស១០ដទៃទៀតលើពិភពលោក។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា។ គ្មាននរណាហាមឃាត់មហិច្ឆតាកម្ពុជា លើផែនការអភិវឌ្ឍន៍នោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីឆ្នាំ៩០ ការសរសេរផែនការ ភាគច្រើនកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ តែបច្ចុប្បន្នផែនការទាំងឡាយ សរសេរដោយខ្មែរ។ សម្តេចបានបន្តថា ការកសាងមូលធនមនុស្ស គឺជាការកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះច្រើន។ មនុស្សដែលដឹងខ្លួនឯង ហើយចេះពង្រឹងខ្លួនឯង ទើបធ្វើឱ្យខ្លួនឯងឱ្យជោគជ័យ។ ជាមួយនឹងការសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណជាង ៥ពាន់នាក់ នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរនិស្សិតទាំងអស់ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕