ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

មណ្ឌលគិរីនាយឧត្តមសេនីយ៍សៅសុខាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ។

មណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។
ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលនៅចាំគាំទ្រជានិច្ច ។ នាយឧត្ដមសេនីយ៍ សៅ សុខា ក៏ទទូចសំណូមឲ្យមានការផ្សព្វផ្សាយចុះទៅបង្រៀនពន្យល់ពលរដ្ឋនៅតាមមូលដ្ឋានឲ្យយល់កាន់តែច្បាស់ពីតម្លៃព្រៃឈើ ដើម្បីរួមគ្នាទប់ស្កាត់ការបំផ្លាញព្រៃឈើបន្តទៀត ។
គួរម្លឹកថា កាលពីថ្ងៃទី២០ មីនា ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការទប់ស្កាត់បទល្មើសរុករានដីព្រៃរដ្ឋ យកជាកម្មសិទ្ឋផ្ទាល់ខ្លួន ដោយសមត្ថកិច្ចបានរកឃើញទីតាំងដីព្រៃរបស់រដ្ឋរាប់សិបកន្លែងក្នុងទំហំច្រើនពាន់ហិកតា ត្រូវគេអារកាប់ផ្តួលព្រៃឈើរដូករណែល រួចដុតឆេះផ្សែងហុយពេញអាកាសគួរឲ្យសង្វែកបំផុត ។ ទីតាំងដែលកម្លាំងប្រតិបត្តិការបង្ក្រាប រកឃើញមានសកម្មភាពកាប់រានដីព្រៃដ៏មហាសាលខាងលើ ដែលអាចហៅបានថាជាវិនាសសកម្មព្រៃឈើនាដើមឆ្នាំ២០២៤នេះ គឺស្ថិតនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ៕

Leave a Reply

Your email address will not be published.