បេក្ខជន២៥០រូប បន្តប្រឡងបំពេញ១០វិញ្ញាសារ ជម្រុះយក៤៥នាក់ ជាប់ចូលជាកងកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ) ៖ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រកាសជ្រើសរើសបេក្ខជន ដើម្បីបំពេញក្របខ័ណ្ឌ ពលទាហាន នៃកងរាជអាវុធហត្ថ តាមបណ្ដារាជធានី-ខេត្ត ចំនួន ១,០០០នាក់ ក្នុងនោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារជ្រើសរើស ពលទាហានថ្មី ដើម្បីបំពេញក្របខណ្ឌ តាមសន្ទស្សន៍ដែលបានកំណត់ ចំនួន៤៥នាក់ និងបម្រុងចំនួន០៥នាក់។
បន្ទាប់ពីជូនដំណឹង ទទួលពាក្យ និងជម្រុះ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បេក្ខជន២៥០រូប ត្រូវបានជ្រើសរើស និងបន្តជម្រុះចម្រាញ់យកចំនួន៤៥នាក់ ជាប់ចូលជាកងកម្លាំង និងបម្រុងចំនួន០៥នាក់។
ក្រុមការងារនេះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា និងលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានអញ្ជើញជួបសំណេះសំណាល ណែនាំបេក្ខជនទាំង២៥០រូប ដែលបន្តចូលរួមប្រឡងសមត្ថភាព ត្រូវមានមនសិការ និងឧត្តមគតិ បម្រើការងារក្នុងកងរាជអាវុធហត្ថខេត្ត និងក្នុងការបម្រើជូនជាតិមាតុភូមិ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងក្រុមការងារ ដែលបានខិតខំរៀបចំដំណើរការ និងទីតាំងសម្រាប់ការប្រឡង បង្កលក្ខណៈ ងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡង និងបានវាយតម្លៃខ្ពស់ ចំពោះបេក្ខជនដែលបានចូលរួមប្រឡង ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងរយៈពេល ០២ថ្ងៃពេញ ប្រកបដោយជោគជ័យ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ទាំង២រូប បានគូសបញ្ជាក់ និងប្រកាសថា ការប្រឡងសមត្ថភាព គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព ដាច់ខាតគ្មានការសូកប៉ាន់ឬរត់ការដើម្បីជាប់ឡើយ <<ពោលគឺ អ្នកចេះ មានគ្រប់លក្ខណ្ឌគឺជាប់>>។
សូមជម្រាបថា: បេក្ខជនដែលបានចូលរួមប្រឡងសមត្ថភាព ត្រូវមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌ ដែលជ្រើសរើស ដូចខាងក្រោម ៖ មានសញ្ជាតិខ្មែរ, ភេទប្រុស(នៅលីវ), មានអាយុចាប់ពី១៨ដល់២៥ឆ្នាំ, មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ, មានភក្តីភាពចំពោះជាតិមាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសញ្ញាបត្រសមមូល, មានកម្ពស់ចាប់ពី ១,៧០ ម៉ែត្រឡើងទៅ, បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ ធ្វើតេស្តប្រឡងសមត្ថភាព និងត្រូវមានទាំងសុខភាពនិងកាយសម្បទាល្អ។
ដោយឡែក ចំពោះការប្រឡងលើវិញ្ញសារចំនួន១០រួមមាន៖ វាស់កម្ពស់, ថ្លឹងទម្ងន់, ធ្វើតេស្តឈាមរកមេរោគ, ធ្វើតេស្តទឹកនោមរកសារធាតុញៀន, សរសេរតាមអាន សំណួរ –ចម្លើយ , ពិនិត្យកាយសម្បទា កាច់ក្បាលពោះ ពួយអាវ៉ង់ និងរត់ចម្ងាយផងដែរ៕