មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាង នៅលើទឹកដីខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋ សិក្សាស្វែងយល់ពីវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ
អត្ថបទ៖ ប៊ុត សុភ័ក្រ
មណ្ឌលគិរី៖ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាងនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋទូទៅ សិក្សាស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការសាងសង់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិនេះ ក៏ជាផ្នែកមួយ ក្នុងការទាក់ទាញភ្លៀវទេសចរ មកទស្សនាខេត្តមណ្ឌលគិរី កាន់តែច្រើនផងដែរ។ បន្ទាប់ពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរចនាបថសាងសង់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងស្វែងរកការឯកភាពជារួមមួយ តាមរយៈការពិគ្រោះយោបល់ និងទទួលបានធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអគារមជ្ឈមណ្ឌលសិក្សាសា្រវជ្រាវវប្បធម៌ជនជាតិដើម ដែលគ្រោងសាងសង់មានរចនាបថ ជាអត្តសញ្ញាណជនជាតិដើមភាគតិច និងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋទូទៅ។ លោកស្រី អភិបាលរងខេត្ត បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែគិតគូរ យកចិត្តទុកដាក់ថែរក្សា លើកស្ទួយវប្បធម៌ សិល្បៈ ប្រពៃណីជនជាតិដើមភាគតិច ជាក់ស្តែង ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាប្រធានសម្របសម្រួលគម្រោង LASEDIII ថ្នាក់ខេត្ត បានកៀរគរ ស្នើសុំគម្រោងសាងសង់មជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវ វប្បធម៌ជនជាតិដើមភាគតិចនៅលើទឹកដីនៃខេត្តមណ្ឌលគិរី រហូតឈានដល់ដំណាក់កាល រៀបចំកិច្ចប្រជុំពិភាក្សាលើរចនាបថចុងក្រោយ ដើម្បីរៀបចំដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមបណ្ឌិត ថុល លីណា នាយកគម្រោង LASED III បានបង្ហាញពីសាវតា និងការគាំទ្រគម្រោងសាងសង់មជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនេះ គឺមិនមាននៅក្នុងគម្រោងLASED III នោះឡើយ ប៉ុន្តែ ដោយសារការសង្កេតឃើញថាជាឱកាសមួយ ក្នុងការបើកផ្លូវ សម្រាប់ទុកដាក់កេរដំណែលវប្បធម៌ ក៏ដូចជាឯកសារស្រាវជ្រាវសហគមន៍ជនជាតិដើមភាគតិចនាថ្ងៃអនាគត ហេតុនេះបានកៀរគរថវិកាបន្ថែម សម្រាប់ការសាងសង់មជ្ឈ មណ្ឌលស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនេះឡើង។
បន្ទាប់ពីមានការពិភាក្សាយ៉ាងផុសផុល ពីអ្នកចូលរួម ពីបណ្តាភាគីពាក់ព័ន្ធ អង្គប្រជុំបានឯកភាពជ្រើសរើសយក ជម្រើសគំរូ សំណង់អគារទី២(ដូចមាន ជូនភ្ជាប់) ប៉ុន្តែត្រូវការកែសម្រួលបន្ថែមលើរចនាបថលម្អជាមួយក្រុមការងារ បច្ចេកទេសរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី និងក្រុមបច្ចេកទេសជនជាតិដើមភាគតិចក្នុងពេលឆាប់ៗខាងមុខនេះ ដែលចំណាយពេលយ៉ាងយូរមិនលើសពីពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា រចនាបថសាងសង់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនេះ គ្រោងសាងសង់នៅលើមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ ដែលជាទីសក្ការៈបូជារបស់បងប្អូនជនជាតិដើមភាគតិច និងអាចឱ្យប្រជាពលរដ្ឋទូទៅ អាចសិក្សាស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសនោះ ការសាងសង់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនេះ ក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្លៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តមណ្ឌលគិរី កាន់តែច្រើនផងដែរ។អត្ថបទដោយអ៊ីនសុវណ្ណាប្រចាំការនៅខេត្តមណ្ឌលគិរី។