ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីអញ្ចើញចែកពូជស្រូវផ្ការំដួលនិងចាក់វ៉ាក់សាំងគោរពបីការពារជំងឺសារទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រែហុយស្រុកកោះញែក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវផ្ការំដួល និង ចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា  ឆ្នាំ ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចែកពូជស្រូវផ្ការំដួល និងចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក ដោយមានការចូលរួមពី កងកម្លាំងប្រដាប់ទាំង០៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាច្រើនរូប។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទៅដាំដុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។​​ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។ ឯកឧត្ដម ថង សាវុន បន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានពូជស្រូវនេះ យកទៅបង្កបង្កើនផល និងត្រូវដាំដុះបន្លែសុវត្ថិភាពបន្ថែមឲ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវរៀបចំផែនការផលិតកម្មនៅក្នុងការដាំដុះ ឲ្យស្របទៅនឹងតម្រូវការរបស់ទីផ្សារ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ នាំឱ្យខាតបង់ថវិកា និងពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះចាក់វ៉ាក់សាំងជំងឺសារទឹក គោក្របី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងផ្សេងៗ  និងកាត់បន្ថយកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលតែងតែកើតមាន ជារៀងរាល់ឆ្នាំលើសត្វគោក្របីរបស់ប្រជាពលរដ្ឋ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរតែងតែចែកពូជស្រូវល្អៗ ជូនដល់ប្រជាកសិករនៅទូទាំងខេត្ត ជាក់ស្តែងនាពេលនេះ ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែក ក្នុងមួយគ្រួសារទទួលបានពូជស្រូវផ្ការំដួលចំនួន ២០គីឡូក្រាម។ លោក បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សា អនុវត្តបានចំនួន ៤ ៨២៧ ហិកតា ស្មើនឹង ១៦,០៩% នៃផែនការឆ្នាំ តិចជាងឆ្នាំមុន ១ ៨៣៤ ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានចំនួន ១២៨ ហិកតា តិចជាងឆ្នាំមុន ៣១៧ ហិកតា ស្រូវស្រាល អនុវត្តបានចំនួន ២ ៧២៩ ហិកតា កើនលើសឆ្នាំមុន ៣៨៩ ហិកតា ស្រូវកណ្តាល អនុវត្តបានចំនួន ១ ៤៥៩ ហិកតា តិចជាងឆ្នាំមុន ១ ៦១៩ ហិកតា ស្រូវធ្ងន់ អនុវត្តបានចំនួន ៥១១ ហិកតា តិចជាងឆ្នាំមុន ២៨៧ ហិកតា។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមក៏បាននាំយកពូជកូនឈើហូបផ្លែចំនួន ១០០០ ដើម អំពិលផ្អែម ព្រីង ចែកជូនដល់ប្រជាពលរដ្ឋចំនួន១០០ គ្រួសារ នៅភូមិសុខសាន្ត ស្រុកកោះញែកផងដែរ៕

Leave a Reply

Your email address will not be published.