ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

រាជរដ្ឋាភិបាលកែទម្រង់ស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ

រាជរដ្ឋាភិបាលកែទម្រងស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ
_ចេញផ្សាយថ្ងៃទី 11 ខែមីនា ឆ្នាំ 2024៕
(ខេត្តសៀមរាប៖) រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការពង្រឹងសមត្ថភាពមន្ត្រីរបស់យើងទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្ងៃនេះ វាជាការចាប់ផ្តើមនៅទំព័រថ្មីរបស់ក្រសួងយើងដោយអនុវត្តទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកែទម្រងស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម កំណែទម្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងព័ត៌មាននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី បានដឹកនាំបន្តនៅគោលនយោបាយកំណែទម្រងហិរញ្ញវត្ថុសាធារណៈចំនួន ៤ គឺយើងអាចនិយាយបានថា កំណែទម្រង ៣+១ នោះគឺសំដៅទៅលើកំណែទម្រងរដ្ឋបាលសាធារណៈ កំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រងវិមជ្ឈការនិងវិសហមជ្ឈការ ហើយមួយថែមទៀត គឺការកំណែទម្រងវិស័យយុត្តីធម៌ នេះគឺជាកំណែទម្រងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះការដំណើរការកំណែទម្រងទាំងនេះ បើសិនជាយើងពិនិត្យមើល មិនមែនទើបតែធ្វើរយៈពេល២០ឆ្នាំចុងក្រោយនេះទេ តែ២០ឆ្នាំចុងក្រោយនេះ គឺរាជរដ្ឋាភិបាលបានកំណត់ច្បាស់លាស់ ពោលគឺការផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចសេរី នៅក្នុងដំណើរការផ្លាស់ប្តូររបបរបស់យើង គឺការផ្លាស់ប្តូររបបរបស់យើងពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជាឆ្នាំ១៩៨៩មកម្លេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការដ៏សំខាន់ ដែលជួយទ្រទ្រង់ដល់ដំណើរការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ការពង្រឹងគុណភាពអភិបាលកិច្ចល្អ និង ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជដ្ឋាភិបាលអាចលើកកម្ពស់ ជីវភាព និងបម្រើសេវាសាធារណៈជូនប្រជាជនបានកាន់តែប្រសើរឡើង។ ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហ៊ានៗ ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬ សមិទ្ធកម្មនឹងវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តអន្តរជាតិ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា ដោយមានការផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មដែលក្រសួងបានស្នើឡើង ឬបានសម្រេចកន្លងមក។ ក្នុងន័យនេះ សូមឱ្យការរៀបចំថវិកាសមិទ្ធកម្មរបស់យើងត្រូវបង្កើនការយកចិត្តទុកដាក់ផ្តោតលើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចរិកផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ និងថវិកាសមិទ្ធកម្មរយៈខ្លី និងមធ្យមរបស់ក្រសួង ត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយរបស់ក្រសួង ហើយក្រសួងព័ត៌មាន នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រ របស់ខ្លួនដើម្បីតម្រង់ទិសដៅការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព៕

Leave a Reply

Your email address will not be published.