ព័ត៌មានជាតិ

សិស្សានុសិស្សប្រមាណជាង200អ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខកម្មឌីជីថលនៅខេត្តមណ្ឌលគិរី

សិស្សានុសិស្សប្រមាណ ២០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុន Smart Axiata បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងក្រសួងអប់រំយុវជននិងកីឡា លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី និងកញ្ញា តៅ សុជាតា ទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្ដភាព ព្រមទាំងក្រុមការងារ ក្រុមហ៊ុន smart ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន មានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដើម្បីរួមចំណែកផ្ដល់ចំណេះដឹងឌីជីថលដល់យុវជន ជាពិសេស ក្នុងការប្រើប្រាស់កម្មវិធីឌីជីថលឲ្យមានប្រសិទ្ធភាព ភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ និងស្វែងយល់អំពីហានិភ័យផ្សេងៗដែលអាចកើតឡើង ក្នុងការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ ដូចជាការឆបោក ព័ត៌មានក្លែងក្លាយ និងព័ត៌មានឯកជនភាពជាដើម។ ឯកឧត្តម បន្ថែមថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្មាត កម្មវិធីនេះ ទទួលបានអ្នកជំនាញល្អៗ មកពីក្រុមហ៊ុន google និងtik tok និងមកពីក្រសួងប្រៃសណីយ៍ និងទូគមនាគមផ្ទាល់ ដើម្បីបណ្ដុះបណ្ដាលដល់គ្រូឧទ្ទេស ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីទទួលបន្ទុកយុវជន ក៏ដូចជាគ្រូស្ម័គ្រចិត្តបង្កោល។ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ កម្មវិធីអក្ខរកម្មឌីជីថល បានធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនចាស់ដូចជា ការស្វែងរកនិងវាយតម្លៃព័ត៌មានលើបណ្ដាញអ៊ីនធឺណិត និងការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ google app ការប្រើប្រាស់ facebook app telegram canva និងវិធីសាស្ត្រថតរូប ថតវីឌីអូរ សរសេរសាច់រឿង និងបង្កើតវីឌីអូរតាមរយៈទូរស័ព្ទដៃ និងបន្ថែមមេរៀនថ្មី ដូចជាភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ព័ត៌មានបុគ្គល ស្វែងយល់អំពីទំនាក់ទំនងអនឡាញជាដើម។

កញ្ញា តៅ សុជាតា អ្នកទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្តភាព នៃក្រុមហ៊ុន Smart Axiata បានឲ្យថា ក្រុមហ៊ុន Smart Axiata បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ក្នុងចូលរួមរៀបចំនូវកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលនៅតាមសាលារៀន និងបានពង្រីកវិសាលភាពរបស់កម្មវិធីនេះ កាន់តែធំជាងមុន ទៅកាន់ខេត្តជាច្រើន ដល់យុវជនចំនួនប្រមាណ១២៨០នាក់ និងយុវជនស្ម័គ្រចិត្តដែលជាគ្រូបង្គោលចំនួន៤២នាក់។ កញ្ញា តៅ សុជាតា បានបញ្ជាក់ថា ការរួមចំណែកក្នុងការបំពេញនូវចន្លោះដែលមាននៅក្នុងប្រព័ន្ធឌីជីថល គឺជាគុណតម្លៃស្នូលនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងជំរុញលើកកម្ពស់បរិយាប័ណ្ណសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានសម្តែងអារម្មណ៍រំភើបរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន Smart Axiata ជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល ឆ្នាំ២០២៣នាពេលនេះ។ លោកជឿជាក់ថា កម្មវិធីនេះ នឹងផ្តល់លទ្ធផល ជាវិជ្ជមានដល់សិស្ស ក៏ដូចជាពលរដ្ឋកម្ពុជា នូវជំនាញ ក្នុងការប្រើប្រាស់ អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published.