ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤
(កំពង់ចាម):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ចាម ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត ព្រមទាំងអង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបជិត ៤០០០នាក់ ។
បន្ទាប់ពីការអានសុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងនូវគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ហេីយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយរួបរួមគ្នា ដេីម្បីកសាងប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យប្រទេសយើងដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព និងទទួលបាននូវសុភមង្គល ជាតិខ្មែរតែមួយ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាត្រូវការពារ និងថែរក្សានៅសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណះឲ្យបានល្អគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ដើម្បីជោគវាសនារបស់ប្រទេស និងប្រជាជនយើង ព្រមទាំងសូមឲ្យអង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។ ហើយ ឯកឧត្តម សន្តិបណ្ឌិត ក៏បានប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ ផងដែរ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយបើកយុទ្ធនាការឃោសនារយៈពេល១សប្តាហ៍ គឺចាប់ពីនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បិទការឃោសនានាថ្ងៃទី២៥ ហេីយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គឺជាថ្ងៃបោះឆ្នោត៕