ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។
ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ តែត្រូវបានសន្តិសុខដេញចាប់យកចូលវិញ មានការធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ជាដើម។
សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនអន្តោប្រវេសន៍រស់នៅក្នុងអាគារទាំងនោះ ពេលមានជំងឺ ត្រូវបានព្យាបាលដោយមានពេទ្យឈ្មោះ គីម សុខាយ ដែលគ្មានវិញ្ញាបនបត្រពេទ្យ ចូលទៅព្យាបាលដោយសេរី នៅក្នុងបរិវេណអាគារទាំង១២ ដែលយកតំលៃថ្លៃកប់ក្ដោង ក្នុងសេរ៉ូមមួយកំប្លោកយកថ្លៃពី ៤០ ទៅ ៥០ដុល្លារ និងចាក់ថ្នាំថែមបន្តិចបន្តួច យកថ្លៃជិត ១០០ដុល្លារ ពីជនអន្តោប្រវេសខុសច្បាប់ទាំងនោះ ដែលកំពុងរស់នៅដោយខុសច្បាប់ នៅក្នុងអាគារទាំង១២ ស្ថិតនៅភូមិអូស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អាគារខាងលើ ត្រូវបានថៅកែជនជាតិចិន ជួលរកស៊ី បង្ខាំងជនអន្តោប្រវេសន៍ខុសច្បាប់ ប្រព្រឹត្តនូវអាជីវកម្មអនឡាញមកជាច្រើនឆ្នាំមកហើយ ដោយមានអំពើហឹង្សា ធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ជាដើម។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា រហូតមកទល់និងពេលនេះ អាគារទាំង១២ គេដាក់ថា ជាកន្លែងហាមឃាត់ សូម្បីតែសមត្ថកិច្ច ក៏មិនអនុញ្ញាតអោយចូលដែរ។
ជុំវិញករណីខាងលើ ពេទ្យឈ្មោះ គីម សុខាយ ដែលជាពេទ្យប្រចាំទទួលព្យាបាលជនអន្តោប្រវេសន៍ ខុសច្បាប់ទាំងនោះ បានលើកឡើងថា លោកធ្លាប់ចូលព្យាបាលម្ដងម្កាលតែប៉ុណ្ណោះ៕ ប្រភពពីមន្រ្តីព្រំដែនតែសូមមិនបញ្ចេញឈ្មោ:។