ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី 

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។

 

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអានសាលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានរំលេចថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

 

លោកស្រី បន្ថែមថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោកស្រីអភិបាលរងខេត្ត បន្តទៀតថា សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ៤ រួមមាន៖ (១) កត្តាសាលារៀន (២) កត្តាគ្រូបង្រៀន (៣) កត្តាសិស្ស និង(៤) កត្តាគ្រួសារ។ ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត «ស្តង់ដា សាលារៀនគំរូ» និង «ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕

លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.