ស្រវឹងទៅស៊ីឈ្នួល រំលំឈើឲ្យគេ ត្រូវបាក់មែកវាត់សង្កត់ មួយចំហៀងខ្លួនបណ្ដាលឲ្យស្លាប់

ខេត្តរតនគិរី ៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីបុរសរូបនេះ ទៅរំលំឈើក្នុងចំការនៅក្បែរខ្ទម ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចត្រពាំងព្រីង ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់  ខេត្តរតនគិរី។

ជនរងគ្រោះបាត់បង់ជីវិតក្នុងករណីនេះ មានឈ្មោះ ចាន់ ប៊ុនធឿន អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅ ភូមិអូរកាន ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

តាមការឲ្យដឹងពី នគរបាលអធិការស្រុកលំផាត់ បានឲ្យដឹងថា ជនរងគ្រោះតែងតែដើរស៊ីឈ្នួលធ្វើការឲ្យគេ ហើយគាត់តែងតែមានសភាពស្រវឹងជារៀងរាល់ថ្ងៃ មិនថា ព្រឹកឬ ល្ងាចនោះទេ ហើយគាត់តែងតែដើរធ្វើការឲ្យគេតាមចំការ របៀបនេះរហូតមក ចំណែកនៅព្រឹកកើតហេតុជនរងគ្រោះក៏មានសភាពស្រវឹងជាធម្មតារបស់គាត់ ហើយគាត់បានយកម៉ាស៊ីនត្រង់ស៊ីណ័រទៅរំលំឈើចំការ គ្រានោះឈើ ក៏បាក់មែកវាត់សង្កត់មួយចំហៀងខ្លួន បណ្តាលឲ្យ បែកក្បាល បាក់ភ្លៅ បាក់ដៃ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។