កម្ពុជាបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវ ចំនួន១៨៤នាក់ទៅបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់

ភ្នំពេញ ​៖ កម្ពុជាបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះ។
ក្នុងពិធីជូនដំណើរកងកម្លាំងវិស្វកម្មនៅរាត្រីថ្ងៃទី២៧ ខែមករា នៅអាកាសយានដ្ឋានអន្តេរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា នេះជាលើកទី៤០ហើយដែលកម្ពុជាបញ្ជូនកម្លាំង ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងជាលើកទី៩ ចូលរួមបេសកកម្មនៅសាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។

លោកបញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករានេះដែរ ដែលពួកគេនឹងមកដល់មាតុភូមិវិញនៅថ្ងៃទី២៩ ខែមករា ខាងមុខនេះ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ សែម ​សុវណ្ណនី រួមទាំងកងទ័ពមួយខៀវរបស់កម្ពុជាទាំងអស់ ប្រកាសប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏ថោកទាប ក្បត់ជាតិ និងក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសញុះញុងឲ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ​ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាជនស្ទើរពេញប្រទេស។