ចាប់​​ពី​​ថ្ងៃទី​០១ខែ​​កុម្ភៈឆ្នាំ​២​០១៩​​នេះ​ គណៈកម្មាធិ​ការ​​ជាតិ​​រៀប​ចំ​​​ការ​​បោះ​ឆ្នោតនឹង ​​​​ទ​ទួ​ល​​​ចុះ​​ឈ្មោះ​​​អ្នក​​​សង្កេត​ការណ៍​​ជា​​តិ និង​​​អន្តរជា​តិ​​

គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​​ការ​​បោះ​ឆ្នោត ​​នឹង​​​ទទួល​​​ចុះ​​ឈ្មោះ​​​អ្នក​​សង្កេត​ការណ៍​​ជាតិនិង​​អន្តរជាតិ​​ ​ដើម្បី​​ចូល​រួម​​ឃ្លាំ​មើ​ល​​ការ​បោះ​ឆ្នោត​​ ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​​ទី​០៣ ​ដែល​​នឹង​​ប្រព្រឹត្ត​ទៅ ​នៅ​​ថ្ងៃទី ​២៦ ​ឧសភា ​ខាង​មុខ​។ ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​គឺ​ជា​ការ​​បោះឆ្នោត​​អសកល ​ដែល​​អង្គ​​បោះ​ឆ្នោត ​គឺ​​មាន​តែ​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ ​ដែល​​ស្ថិត​នៅ​ក្នុង​​តំណែង​​ប៉ុណ្ណោះ​។​ ផ្អែក​តាម​ប្រតិ​ទិននៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គជប នឹង​ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ ចាប់ពី​ថ្ងៃទី ០១ ខែកុម្ភៈ ដល់​ថ្ងៃទី ១៥ខែឧសភា​ខាងមុខ។

ចំណែកឯ​ការចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ ក៏​ចាប់ផ្តើម​ដំណាលគ្នា​នេះដែរ។ ប៉ុន្តែ​នឹង​បញ្ចប់​នៅ​ថ្ងៃទី ២២ ឧសភា។ នេះ​បើ​យោងតាម​ប្រតិទិន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ស្តីពី ការបោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី០៣នេះ។ផ្អែក​តាម​ប្រតិទិន​ដដែល ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​សម្រាប់​សង្កេត​មើល​​នៅ​តាម​ការិយាល័យ​បោះឆ្នោត នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៦ មេសា ដល់​ថ្ងៃទី ០២ ឧសភា​ ខណៈ​ការចុះបញ្ជីឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ០៧ មីនា ដល់​ថ្ងៃទី ១១ខែមីនា ឆ្នាំ ២០១៩ ។ ហើយ​ការឃោសនាបោះឆ្នោត នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៤ ឧសភា​។ រីឯ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំ ២០១៩នេះ។

ផ្អែក​តាម​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពីពេលថ្មីៗនេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ត្រូវបាន​បង្កើន​នៅ​រាជធានី​ភ្នំពេញ​ពី២១រូប​ដល់២៧រូប ខណៈ​ខេត្តកណ្តាល កំពង់ចាម ខេត្តបាត់ដំបង ព្រៃវែង សៀមរាប និង​ខេត្តតាកែវ ត្រូវបាន​បង្កើន​ពី១៥រូប ដល់២៧រូប ខណៈ​ខេត្ត​ក្រុងផ្សេងៗទៀត ក៏ត្រូវ​បាន​បង្កើន​ផងដែរ។ នេះ​បើ​យោ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី ២៥ មករា ឆ្នាំ២០១៩នេះ។ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ស្ថិតនៅក្នុង​តំណែង ១សែន១ម៉ឺន៥០៧២នាក់​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​បោះឆ្នោត។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជប បាន​លើកឡើងថា លក្ខណៈពិសេស​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នៅលើ​ក​នេះ គឺ​អង្គ​បោះឆ្នោត​ម្នាក់ មាន​សន្លឹកឆ្នោត​ពីរ។

១ប្រើ​សម្រាប់​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី/ខេត្ត និង​សន្លឹកឆ្នោត១ទៀត ប្រើ​សម្រាប់​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង ស្រុក និង​ខណ្ឌ៕