ឯកឧត្តម វ៉ាត់ ចំរើន រាយការណ៍ពីស្ថានភាពស្នាក់នៅ ហូបចុក ការធ្វើតេស្តរកមេរោគកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកហ្គេមចាប់ផ្តើមជាផ្លូវការ បន្ទាប់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព 

បន្ទាប់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះ ជប៉ុន ដែលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ (២៣កក្កដា ដល់៨សីហា ២០២១) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម បានរាយការណ៍ពីស្ថានភាពស្នាក់នៅ ហូបចុក ការធ្វើតេស្តរកមេរោគកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកហ្គេមចាប់ផ្តើមជាផ្លូវការ។

ឯកឧត្តមនាយបេសកកម្មកម្ពុជា បានរាយការណ៍ពីភូមិអូឡាំពិក នៃប្រទេសជប៉ុនតាម រយៈសារអឡិចត្រូនិក កាលពីល្ងាចថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១មកថា នៅក្នុងភូមិអូឡាំពិកនេះ គឺជាកន្លែងប្រមូលផ្តុំស្នាក់នៅ ហូបចុករបស់អត្តពលិកនៃបណ្តាទេសនានាទូទាំងពិភពលោក ដែលមានចំនួនប្រមាណ ៨.០០០នាក់ បូករួមទាំងកន្លែងស្នាក់នៅផ្សេងៗប្រមាណ ១ម៉ឺននាក់។ នៅក្នុងភូមិអូឡាំពិកនេះ គឺមានការតម្រៀបទង់ជាតិ នៃបណ្តាប្រទេសចំនួន ២០៦ប្រទេស ក្នុងនោះក៏មានទង់ជាតិកម្ពុជាកំពុងបក់រវិចៗផងដែរ ដែលចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។ ស្ថានភាព នៅពេលនេះមិនអ៊ូអរពេកដូចការប្រកួតអូឡាំពិកមុនៗទេ ហើយគ្រប់សមាសភាពប្រតិភូ គ្រូ បង្វឹក កីឡាករ កីឡាការិនី រួមទាំងមន្ត្រីកីឡានានាត្រូវពាក់ម៉ាសទាំងអស់គ្នា ហើយពេលទៅកន្លែងហូបបាយត្រូវលាងដៃសម្អាតដៃ ដោយអាល់កុល សម្អាតតុបាយរបស់ខ្លួន ហើយពេលចាប់អាហារត្រូវមានស្រោមដៃជាដើម។ ការរៀបចំបែបនេះមានលក្ខណៈល្អប្រសើរ ដើម្បីបង្ការជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមទៀតថា សម្រាប់ការធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ នៅក្នុងភូមិអូឡាំពិកនេះ ត្រូវធ្វើតេស្តដោយម៉ាស៊ីធំជារៀងរាល់ថ្ងៃ (PCR Test) ដោយតេស្តរបៀបថ្មី គឺស្តោះទឹកមាត់ដាក់ក្នុងបំពង់ ដែលមានក្រុមគ្រូពេទ្យតាមក្រុមអត្តពលិក នៃប្រទេសនីមួយៗយកទៅធ្វើតេស្ត ក្នុងនោះសម្រាប់ក្រុមប្រតិភូ-អត្តពលិកកម្ពុជា ក៏មានវេជ្ជបណ្ឌិតម្នាក់ប្រចាំការជាមួយយើងដែរ ដើម្បីប្រមូលសំណាកទឹកមាត់យកទៅពិនិត្យនៅម៉ាស៊ីនធំ PCR Test ហើយប្រសិនបើមានករណីវិជ្ជមានកូវីដ-១៩ គឺគេយកទៅព្យាបាលភ្លាមៗផងដែរ ។ មកដល់ពេលនេះ នៅក្នុងភូមិអូឡាំពិកនេះស្ងប់ស្ងាត់ល្អ ដោយមិនទាន់មានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅឡើយទេ។ ចំពោះក្រុមប្រតិភូ អត្តពលិកកម្ពុជាមានសុខសុវត្ថិភាពល្អទេ ហើយគ្រប់សមាសភាពអត្តពលិកទាំងអស់ នៅក្នុងកន្លែងស្នាក់នៅ-ហូបចុកនេះ មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅពីរង្វង់ភូមិអូឡាំពិកឡើយ លើកលែងតែចេញទៅកន្លែងហ្វឹកហាត់តែប៉ុណ្ណោះ។

ឯកឧត្តមនាយបេសកកម្មចាត់ទុកថា នេះគឺជាវិធានការដ៏តឹងរឹងបំផុត ដើម្បីការងារការពារឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីម្ចាស់ផ្ទះ ជប៉ុន ហើយភូមិអូឡាំពិកនេះធំទូលាយ មានគម្លាតឆ្ងាយៗពីគ្នាផងដែរ។ ទោះយ៉ាងនេះក្តី ក៏គ្រប់អ្នកស្នាក់នៅក្នុងនេះត្រូវតែអនុត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមរយៈការពាក់ម៉ាស ពាក់របាំងមុខ រក្សាគម្លាត លាងដៃដោយអាល់កុលញឹកញាប់ផងដែរ៕