បន្ទាប់ពីក្រុម ហ៊ុនសាងសង់បញ្ចប់ការងារដែលសេសសល់រួចរាល់ កំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ-កំពត នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ 

កំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ-កំពត មានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ នឹងត្រូវដាក់ឱ្យដំណើរការបណ្តោះអាសន្ននាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រុម ហ៊ុនសាងសង់បញ្ចប់ការងារដែលសេសសល់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម បានបន្តថា ក្រុមការងារបច្ចេកទេសក្រសួង បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់ មុននឹងធ្វើការដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចកុំឱ្យប្រថុយប្រថាននឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ជាដើម។

គម្រោងសាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគូស-កំពត ប្រើប្រាស់រយៈពេល៤៨ខែ ក្នុងការសាងសង់កែលម្អធ្វើឱ្យប្រសើរឡើងវិញ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង និងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត សាងសង់មួយគន្លងទៅមួយគន្លងមក។

កំណាត់ផ្លូវជាតិនេះ បានបើកការដ្ឋានស្ថាបនាសាងសង់ កាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងគម្រោងចំណាយថវិកាសរុបប្រមាណជាង២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន។

ផ្លូវនេះ បាននិងកំពុងរៀបចំដាក់កាម៉េរាសុវត្ថិភាពជាង១០កន្លែង ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ និងដាក់ជញ្ជីងបង្កប់ក្រោមផ្លូវ ដើម្បីចាប់យានយន្តដែលដឹកលើសទម្ងន់ផងដែរ៕