លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការមិនគួរបណ្តោយឲ្យលោក​ ស្រេង​ ស្រស់ ប្រធានម​ន្ទីរសាធារណការ​និងដឹកជញ្ជូន បើ​កដៃឲ្យលោក អ៊ុយ ហឿន និងបក្ខពួកប្រចាំស្ថានី​យ៍ជញ្ជីងថ្លឹ​ងរថ​យន្តមានជ័យ ឃុបឃិតជាមួយក្រុ​មឈ្មួញ​តាម​អំពើចិ​ត្ត!!!

ស្នួលក្រចេះ៖ ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល ​ដឹកជញ្ជូន​ឈើ និងទំនិញ​តាមផ្លូវជាតិលេខ៧ឆ្លងកាត់​ស្ថានីយ៍ ភូមិ​មានជ័យ ឃុំ ស្រែចារ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹក ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​ តាម​ការ កំណត់​ របស់លោក អ៊ុយ ហឿន និង​បក្ខពួក​ដែរ។
ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ទំនិញ​ធំៗ​រាប់រយ​គ្រឿង​​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដូច្នេះ​លោក អ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាងសប្បាយចិត្ត។
ប្រការ​នេះហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តក្រចេះ ត្រូវ​ខូចជា​បន្តបន្ទាប់​ធ្វើមិនចេះចប់មិនចេះហើយ ធ្វើខាងមុខខូចខាងក្រោយ ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មួយនេះ។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានន័យ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុមការងារ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ លោក អ៊ុយ ហឿន គឺជា​អ្នក​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​​ឆ្លងកាត់​ជាតិ​លេខ​៧ ដោយ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ថ្លឹង​ទម្ងន់​នោះទេ​។

ជាក់ស្តែងនៅយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៩ មានរថយន្តដឹកទំនិញធំៗជាច្រើន ដឹកកាត់ជិញ្ជីង ដោយឃើញភាគច្រើន ថ្លឹងតែព្រូឡាន ឬតៃកុងឡានចុះរតែ
ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ធ្វើអ្វីៗស្រេច​តែ​អំពើ​ចិត្ត​។ ​

ពាក់ព័ន្ធករណីខាងលើនេះ ពលរដ្ឋសូមអំពាវនាវ​ដល់លោក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សូមមេត្តាចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​មានជ័យ ឃុំ ស្រែចារ ស្រុក​ស្នួល ខេត្តក្រចេះ ផង​ទាន។

ដោយហេតុថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ​នៅតែ​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​​ឆ្លងកាត់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។

ប្រភពមន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ទេនោះ​គឺ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តមានជ័យ នេះមិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្តបែបនេះឡើយ៕
ជ័យ សុគន្ធ