សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣នៅសាលារាជធានីភ្នំពេញ
ដែលមានលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា និងមន្ត្រីរាជការជាច្រើនរូបទៀតចូលរួម។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

ក្នុងនោះដែររាជធានីភ្នំពេញគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន០៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន០៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩។

ជាលទ្ធផលនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ឈឈ្មោះជានាយករដ្ឋមន្រ្តី គណបក្សហ៊្វុនស៊ិនប៉ិច មានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។
គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ៕សែ សុខា