ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំបញ្ជាផ្ទាល់ ដល់អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីចុះយកសំណាកកម្មករ និងនិយោជិត ប្រមាណជិត ៣ ពាន់នាក់ នៅរោងចក្រចំនួន១០ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល(ស្រុកអង្គស្នួល) ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំបញ្ជាផ្ទាល់ ដល់អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីចុះយកសំណាកកម្មករ និងនិយោជិត ប្រមាណជិត ៣ពាន់នាក់ នៅរោងចក្រចំនួន១០ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរសុខាភិបាល មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរស្រុកអង្គស្នួល ត្រូវសហការគ្នា យកចិត្តទុកដាក់ក្នុងការយកសំណាករបស់បងប្អូនកម្មករ កម្មការនី និងនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងស្រុកអង្គស្នួល ជាងនេះទៀតអាជ្ញាធរស្រុក ត្រូវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដើម្បីឱ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យពួកគាត់ទៅចម្លងដល់អ្នកដទៃឡើយ។