បុរសជាជនសង្ស័យម្នាក់ផ្លោះរបងចូលលួចទ្រព្យសម្បត្តិគេក្នុងផ្ទះត្រូវសមត្ថកិច្ចចាប់ក្របួចវ៉ៃខ្នោះជាប់!!!

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រព្រឹត្តអំពើលួចមួយកើតឡើងដោយបុរសជាជនសង្ស័យម្នាក់ (ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ)នៅផ្ទះវីឡា លេខ១៣៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ទ្រី ខ្មៅ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ចូលលួចបានសំភារៈដែលបន្សល់ទុកជាក់ស្តែងមាន ខ្សែកមួយខ្សែ ចិញ្ចៀន២វង់ ក្រវិល៣វង់ ។
ចំណែកជនរងគ្រោះឈ្មោះ ញ៉ែម មេត្រី ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ ជាអ្នកម៉ៅការសំណង់ ស្នាក់នៅផ្ទះវីឡា លេខ១៣៣ ភូមិត្រពាំងថ្លឹង៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីសួរចំឡើយនិងចាត់ការតាមនិតិវិធីច្បាប់។អត្ថបទ សែ សុខា