ឯកឧត្តម ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មានប្រកាសថានឹងបង្ហោះរូបមន្រ្តីណាដែលមានតែឈ្មោះ ចាំបើកប្រាក់ខែ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ឧសភាឆ្នាំ2019 នេះឯកឧត្តម ខៀវ កាញ៉ារឹទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើផេក ហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា៖នឹងបង្ហោះរូបមន្រ្តីណាដែលមានតែឈ្មោះ ចាំបើកប្រាក់ខែ។
លោកបានសូមឲ្យអគ្គនាយកដ្ឋានគ្រប់គ្រង បញ្ជូនឈ្មោះ និងរូបថត មន្រ្តីទាំងនោះទៀតផង។

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជារឿងដ៏គួរឲ្យសាទរបំផុតសម្រាប់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលដែលឃើញ ឯកឧត្តមខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសធ្ងន់ៗថានឹងបង្ហោះរូបមន្រ្តីណាដែលមានតែឈ្មោះនៅក្រសួង ហើយចាំបើកប្រាក់ខែបែបនេះ។

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន វិធានការនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានទទួលការរអ៊ូរទាំរបស់មន្រ្តីក្រសួងព័ត៌មានជុំវិញករណីមន្រ្តីខ្លះមានតែឈ្មោះមិនដែលឃើញមកធ្វើការតែមានឈ្មោះបើកប្រាក់ខែរហូត។

ជាមួយការសរសេរបែបនេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា លោកនឹងបង្ហោះរូបអ្នកដែលស៊ីកម្លាំងមន្រ្តីក្រសួង។ ហើយអ្វីដែលក្រសួងធ្វើនេះ គឺដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល។
ភ្លាមៗបន្ទាប់ពីការប្រកាសបែបនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងជាច្រើនបានចូលខមមិនសម្តែងការស្វាគមន៍នឹងរីករាយចំពោះការធ្វើបែបនេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលមានអាខោនឈ្មោះ កង ចាន់ចំរ៉ុង បានសរសេរថា«គាំទ្រឯកឧត្តមពេញទំហឹង»។
មិនខុសពីអ្នកផ្សេងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមម្នាក់ទៀតដែលមានឈ្មោះថា Chan Phalla បានសរសេរថា«ចំណាត់ការនេះបើធ្វើបានមែនលោកពូជាមនុស្សដំបូងដែលនិយាយហើយធ្វើ គាំទ្រ»។
ទោះបីជាលោករដ្ឋមន្រ្តីប្រកាសបែបនេះក៏ដោយ។ ប៉ុន្តែមហាជនកំពុងតែទន្ទឹងរងចាំមើលថា តើអនុវត្តន៍បានដែរឬទេ ហើយថាតើមានអ្វីនៅពីក្រោយរឿងនេះផងដែរ៕សែ សុខា