រដ្ឋបាលខេត្តប៉ៃលិន ទទួលព្រះអំណោយស្បៀងពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ដើម្បីយកទៅបម្រើការងារមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រខ្វះខាតស្បៀងអាហារ

ខេត្តប៉ៃលិន ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធ បានទទួលព្រះអំណោយស្បៀងពីព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជាព្រះចៅអធិការវត្តសន្តិមារាម សម្រាប់យកទៅជួយបន្តដល់ប្រជាពលរដ្ឋទីទ័លក្រខ្វះខាតស្បៀងនៅក្នុងរដូវជំនន់ទឹកភ្លៀង និងការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ។

ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត បានមានសង្ឃដីកាថា៖ អំណោយដែល ឧបត្ថម្ភនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ហើយព្រះសង្ឃក៏បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន ដើម្បីជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថា  ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងការលើកកម្ពស់សីលធម៌ ចរិយាធម៌។  ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្តទាំង២គណៈ និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាល បានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យ គ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ នៅក្នុងខេត្តប៉ៃលិន ដែលនេះបានបង្ហាញពីវប្បធម៌នៃការចែករំលែក  ជួយគ្នាក្នុងគ្រាលំបាក គឺខ្មែរស្រឡាញ់ខ្មែរ ។  

សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិន ទទួលពី ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណខេត្ត រួមមាន អង្ករ ០២តោន ភេសជ្ជៈ ៣៩កេស ទឹកសុទ្ធ ៥០យួរនិងស្ករសមួយចំនួនផងដែរ សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ ក្នុងខេត្ត៕