សមត្ថកិច្ចប្រើប្រាស់ទឹកអស់ជិត​១០​០​រ​ថយន្ត ទើបអាចគ្រប់គ្រង អគ្គិភ័​យ​​ឆេះផ្សារសំរោងយ៉ោង ស្ថិតនៅស្រុ​កបាទីបាន

ខេត្តតាកែវ ៖ នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី ខេត្តតាកែវ ដែលបានបំផ្លាញតូបអស់២៣០តូប ក្នុងចំណោមតូប២៨៣តូប ដែលមាននៅក្នុងផ្សារ។ ក្នុងនោះទំហំនៃការ​ខូ​ច​​ខាតនេះ បើការវាយតម្លៃជាបឋម ប្រមាណខ្ទង់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យធំមួយនេះ សមត្ថកិ​ច្ច​​បានប្រើប្រា​ស់​រថយ​ន្តពន្លត់អគ្គិភ័យអស់ចំនួន ២៧គ្រឿង ហើយប្រើទឹកអស់ចំនួន ៩២ឡាន ទើបអាចគ្រប់គ្រងបានទាំ​ងស្រុ​ង​ រហូតដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទៅ១៨ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន​១​១​គ្រឿ​ង, អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤គ្រឿង, កងពលតូចលេខ៧ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំ​នួន០២គ្រឿង, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣គ្រឿង និ​ង​ស្រាបៀកម្ពុជា ចំនួន០១គ្រឿង។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាល អគ្គិភ័យនេះកើតឡើងដោយសារតែឆ្លងចរន្ដអគ្គិសនី៕