ក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំ​នួ​​​ន ៥២តោន តាមរយៈសាខាកា​ក​បា​ទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ ម​ក​ពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖ ក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំនួន៥២តោន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល។

នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីផ្ដល់ជីសារីរាង្គ ដែលជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ជូនដល់ស​ហគ​ម​​​ន៍កសិកម្មចំនួន២១ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល ក្នុងនោះស្រុកមុខកំពូល ស្រុកលើកដែក ស្រុកខ្សាច់កណ្ដាល និងស្រុកស្អាង និងសំណេះសំណាលជា​មួ​យ​ ទីប្រឹក្សាយុវជនកាកបាទក្រហមយុវជនកម្ពុជា៤៣ សាលាគោលដៅ និងលោកគ្រូ អ្នកគ្រូ ជាមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុកក្នុងខេត្តកណ្ដាល។

នៅក្នុងពិធីប្រគល់ជីសរីរាង្គនេះដែរ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកណ្ដាល បានធ្វើការពន្យល់ និងជម្រាបជូនដល់ បងប្អូនសហគមន៍កសិកម្ម អំពីវិធីប្រើប្រាស់ជីសេរីរាង្គនេះ​ផងដែរ។

មានប្រសាសន៍ទៅកាន់ បងប្អូនសហគមន៍កសិកម្ម និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​ល​​ខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

ឯកឧបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខ​ទុ​ក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវកា​រ​លំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បា​​​​ប់ចរាចរណ៍ បើកបរប្រកបដោយការយោគយល់ និងអាជាស្រ័យគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុមគ្រួសារ និងខ្លួនឯងទាំងមូលផងដែរ។ ជាងនេះទៅ​ទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែស ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅ​វិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ៕