ឯកឧត្តម ថង សាវុន ប្រគល់ផ្ទះមួយខ្នង ជាអំណោយរបស់កាកបាទក្រហ​មកម្ពុជាខេត្តរតនគិរី ជូនគ្រួសារងា​យ​រងគ្រោះបំផុត នៅក្រុងបានលុង ខេ​ត្តរតនគិរី

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃពុធ ១ កើត ខែចែត្រ ឆ្នាំកុរឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២​០២​០​ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា ខេត្តរតនគិរី រួមដំណើដោយ​លោ​​ក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិកាសាខា​ អនុសាខាក្រុង មន្ត្រីប្រតិបត្តិសាខា បានអញ្ជើញប្រគល់ផ្ទះថ្មី ១ ខ្នង ទំ​ហំ​ ៥ x ៨ ម៉ែត្រ ធ្វើអំពីគ្រោងជញ្ជាំងឥដ្ឋ ប្រក់ស័ង្កសី ចំណាយថវិកាចំនួន ៥.១៨​៦​ដុ​ល្លារ (ប្រាំ​ពាន់មួយរយប៉ែតសិបប្រាំមួយដុល្លារ) ដែលជាអំណោយរបស់ សាខាកាកបាទ​ក្រ​ហមកម្ពុជា ខេត្តរតនគិរី និ​ងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ-វៀតណាម ជូនអ្នកស្រី ងុយ ឌឿង អាយុ ៥៣ឆ្នាំ ជនជាតិទំពួន ជាគ្រួសារងាយរងគ្រោះបំផុត មានស​មា​​ជិកគ្រួសារច្រើន រស់នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ឯកឧត្តមក៏បាននាំយកអំណោយសម្រាប់ប្រគល់ជាមួយផ្ទះថ្មី រួមមាន ៖ អង្ករទំងន់ ៥​០​គី​ឡូក្រាម ឃីត (មុង,ភួយ,សារុង, ក្រមា) ១ឃីត មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ។

ឯកឧត្តម ក៏មានប្រសាសន៍ផ្តាំផ្ញើរឲ្យបងស្រី ត្រូវចេះគិតគូរពីការថែទាំសុខភាពជាចម្បង ដែលក្នុងនោះ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់ ដោយត្រូវបរិភោគឱ្យបាន​ត្រឹ​មត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ គ្មានសំរាម គ្មានទឹកដក់ឬជម្រក សត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ ពិសេសត្រូវលាងដៃជា​មួយនឹងសាប៊ូជាមួយទឹកស្អាត ឬទឹកអាល់កុល ឱ្យបានញឹកញ៉ាប់ កាត់បន្ថយការជួបជុំគ្នា ដើម្បីការពារការចម្លងមេរោគកូវីដ១៩ ទោះបីជាខេត្តរតនគិរី​ ពុំទាន់មានករណីឆ្លង​យ៉ា​ងណាក៏ដោយ ក៏យើងត្រូវចូលរួមទាំងអស់គ្នា តាមការណែនាំរបស់អាជ្ញាធរ និងស្ថាប័នជំនាញដែលបានកំពុងចា​ត់​​​​វិធានការយ៉ាងតឹងរឹងបំផុត និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគប្រ​ភេ​ទថ្មីនេះ ៕