សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP)

ថ្ងៃទី១៩ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ។ 

នៅក្នុងជំនួបនេះ លោក Matthew Anthony Tayler បានជម្រាបជូន សម្តេចតេជោ អំពីក្រុមហ៊ុនដនម៉ូរីស ដែលមានអាយុកាល១១៥ឆ្នាំមកហើយ ដែលបានបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០នាក់។ 

ដំណើរទស្សនកិច្ចរបស់ លោក Matthew Anthony Tayler មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺជាឱកាសដល់លោកក្នុងការដឹកនាំប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀតអោយបានស្គាល់ពីកម្ពុជាផងដែរ។ គណៈប្រតិភូរបស់លោកបានកោតសរសើរយ៉ាងខ្លាំង នៅពេលបានទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីប្រជាជនកម្ពុជា បានធ្វើឲ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ លោក Matthew Anthony Tayler បានកោតសរសើរនៅពេលដែលបានមកឃើញដោយផ្ទាល់ភ្នែកអំពីប្រទេសកម្ពុជារីកចម្រើនដ៏ល្អស្អាត។ 

លោក Matthew ក៏បានជម្រាបសម្តេចតេជោផងដែរថា ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី នៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជាកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណាឲ្យមេធាវីរបស់លោកអាចជួយផ្ដល់សេវាកម្មផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែលមកធ្វើវិនិយោគនៅកម្ពុជា។