អាជ្ញាធរបញ្ចេញ កម្លាំងជាង២០០នាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបក្រុមជនអនាថា និងសាងសង់យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវរថភ្លើងក្នុង ខណ្ឌដូនពេញ

រាជធានីភ្នំពេញ៖កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាង២០០នាក់ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទីតាំងសំណង់អនាធិបតេយ្យ​មិនរៀបរយ​នៅក្នុងភូមិ២​ ភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​, លោកឧត្តមសេនីយត្រី​ សុង​ លី​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​, លោកវរសេនីយ៍ឯក​ ទៀង​ ចន្ទ័សារ​ អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ឯក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ព្រមទាំងមានការចូលរួមពីនគរបាលខណ្ឌដូនពេញចំនួន​៨០នាក់, កំលាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចំនួន២៤នាក់, កំលាំងព្រហ្មទណ្ឌ​កំរិតស្រាល​ ក្រុង​ ចំនួន​៣៣នាក់ និងប្រជាការពារខណ្ឌ​ចំនួន​៤០​នាក់។

របាយការណ៍របស់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះកម្លាំងគណ:បញ្ជាឯកភាពខណ្ឌបានឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនចំនួន​១៥នាក់​ (ក្នុងនោះស្ត្រីចំនួន​០៨នាក់)​ និងបានរុះរើ​ជម្រកអនាធិបតេយ្យ​​ចំនួន​១១ ក្នុងនោះបន្ទប់ចំនួន​៤​បន្ទប់​ ដែលបន្ទប់នីមួយៗប្រក់តង់​ ប្រកស័ង្កសី​ ដែលជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន។