សម្តេចតេជោ​ ៖ ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រតិបត្តិជំនឿសាសនា និងរៀបចំ ពិធីបុណ្យប្រពៃណីតាមជំនឿរៀងៗខ្លួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្រោយពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យ ចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី។
សម្តេចតេជោ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹក ថ្ងៃទី៣១ ខែមករា នេះ ក្នុងខ្លឹមសារទាំងស្រុងថា ៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតថា កម្ពុជាយើងចូលឆ្នាំទាំង៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។»